លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Yoshiaki Ishizawa) នឹងទទួលបានពានរង្វាន់ Ramon Magsaysay ឬហៅថា ណូបែលអាស៊ីប្រចាំឆ្នាំ២០១៧ ក្នុងពិធីផ្លូវការមួយនៅថ្ងៃទី៣១ ខែសីហា ក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ការទទួលពាននេះ ក៏ដោយសារការខិតខំប្រឹងប្រែងរបស់ជនជាតិជប៉ុនរូបនេះ ចាប់ពីទសវត្សរ៍៦០ មក លើការងារស្ដារ ជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរ។ ទោះជាលោកធ្វើការយ៉ាងជិតស្និទ្ធនឹងអង្គរជាច្រើនឆ្នាំក៏ដោយ តែលោក អ៊ីស៊ីសាវ៉ា នៅតែមានចម្ងល់ទៅនឹងសំណង់អង្គរ ដែលលោកចាត់ទុកថាជាសំណង់អច្ឆរិយ ដែលមនុស្សសម័យមុនអាចធ្វើបាន។
នៅឆ្នាំនេះលោក អ៊ីស៊ីសាវ៉ា មានវ័យ៧៩ឆ្នាំហើយ។ ជាអតីតសាកលវិទ្យាធិការ សាកលវិទ្យាល័យ សូហ្វីយ៉ា និងបច្ចុប្បន្នជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយនេះ ហើយ តួនាទីមួយទៀត គឺជាប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធាន នៃសាកលវិទ្យាល័យ សូហ្វីយ៉ា ដែលមានទីតាំងនៅខេត្តសៀមរាប។ សម្រាប់លោកសាស្ត្រាចារ្យ អង្គរពិតជាអស្ចារ្យ ហើយលោកនៅតែមានឆន្ទៈខ្ពស់ ក្នុងការចូលរួម ថែរក្សា អភិរក្ស ជួសជុល តទៅមុខទៀត។ លោកក៏ជាអ្នកនិពន្ធសៀវភៅដ៏ល្បីដែលមានចំណងជើងថា «Along the Royal Roads to Angkor» ផងដែរ។
ខាងក្រោមនេះជាបទសម្ភាស ដែលអ្នកសារព័ត៌មានអេឡិចត្រូនិចថ្មីៗ បានជួបសម្ភាសផ្ទាល់ ជាមួយលោកសាស្ត្រាចារ្យ អ៊ីស៊ីសាវ៉ា នៅថ្ងៃទី២ សីហា ឆ្នាំ២០១៧ ៖
អ៊ីសា រ៉ហានី៖ លោកសាស្ត្រាចារ្យ នៅពេលថ្មីៗនេះ លោកទើបនឹងទទួលបានពានរង្វាន់ ណូបែលអាស៊ី ទៅនឹងស្នាដៃដែលលោកខិតខំប្រឹងប្រែងលើការងារអភិរក្ស និងជួសជុលរមណីយដ្ឋានអង្គរ។ តើលោកមានអារម្មណ៍បែបណាចំពោះការទទួលពានរង្វាន់មួយនេះ?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ ខ្ញុំត្រូវទទួលរង្វាន់ Ramon Magsaysay។ ខ្ញុំមាន សេចក្តីសប្បាយរីករាយណាស់ រង្វាន់នេះមិនមែនបានសម្រាប់តែខ្ញុំទេ គឺដោយសារក្រុមការងារខ្ញុំ ដែលបានខំប្រឹងប្រែងរហូតមក ដោយឈរលើទស្សនៈ «មរតកវប្បធម៌របស់ខ្មែរ ត្រូវបានជួសជុល ការពារដោយដៃខ្មែរ សម្រាប់ខ្មែរ»។
អ៊ីសា រ៉ហានី៖ ក្រោយទទួលបានពានរង្វាន់នេះហើយ តើការងារអភិរក្ស និងជួសជុលប្រាសាទ ខ្មែរនៅតែបន្ត ឬយ៉ាងណាលោកសាស្ត្រាចារ្យ?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ ពិតប្រាកដណាស់ យើងខ្ញុំនៅតែខិតខំប្រឹងប្រែង ដើម្បីធ្វើសកម្មភាព ក្នុងការថែរក្សាសម្បត្តិវប្បធម៌មរតកអង្គររបស់ខ្មែរតទៅទៀត ពីព្រោះ សកម្មភាពរបស់យើងខ្ញុំនេះ ឈរនៅលើការយល់ដឹងគ្នាទៅវិញទៅមករវាងខ្មែរ និងជប៉ុន ក៏ដូចជារូបខ្ញុំ ហើយនឹងជនជាតិខ្មែរ។ ដូច្នេះហើយ យើងខ្ញុំនៅតែបន្តការយកចិត្តទុកដាក់ ការស្គាល់គ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អជាមួយនឹងខ្មែររហូត។
អ៊ីសា រ៉ហានី៖ លោកសាស្ត្រាចារ្យ ដោយសារសាកលវិទ្យាល័យ សូហ្វីយ៉ា គឺជាសាកលវិទ្យាល័យដំបូងគេបង្អស់ ដែលបានចូលរួមបណ្តុះបណ្តាលធនធានខ្មែរ ទៅលើការងារអភិរក្ស និងជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ លោកសាស្ត្រាចារ្យមើលឃើញបែបណា ចំពោះធនធានមនុស្សកម្ពុជា ទៅលើការងារខាងលើនេះ បើធៀបទៅនឹងពេលមុន ដែលពឹងលើតែបរទេស?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ យើងខ្ញុំយល់ថា ជារឿងធម្មតាទេ ដែលថាមរតក របស់ប្រទេសមួយ ត្រូវតែជនជាតិរបស់ប្រទេសនោះជាអ្នកទទួលខុសត្រូវក្នុងការថែរក្សា និង ជួសជុលមរតករបស់ខ្លួន។ ដូច្នេះហើយបានជាសាកលវិទ្យាល័យ សូហ្វីយ៉ា ឈរលើការបណ្តុះ បណ្តាលធនធានមនុស្សនេះបាននាំនិស្សិតខ្មែរជាច្រើនទៅសិក្សានៅសាកលវិទ្យាល័យ សូហ្វីយ៉ា ហើយពួកគេទាំង១៨នាក់នោះ បានទទួលវិញ្ញាបនបត្រដូចជាអនុបណ្ឌិត និងបណ្ឌិត ជាដើម អ្នកខ្លះបានក្លាយជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយពួកគេក៏បានបង្ហាត់បង្រៀនសិស្សរបស់ពួកគេទៀត មានន័យថា ខ្ញុំមានរហូតទៅដល់ចៅខ្ញុំហើយ ដែលជាអ្នកទទួលខុសត្រូវ។ ដូច្នេះនៅចុងក្រោយ គឺជាការខិតខំប្រឹងប្រែងរបស់កូនខ្មែរទាំងអស់គ្នា ដើម្បីធ្វើម៉េចថែរក្សាជួសជុល សម្បត្តិវប្បធម៌របស់ខ្លួន។ ជាពិសេសទៀតនោះ ខ្ញុំសប្បាយរីករាយណាស់ នៅពេលដែលមានកិច្ចប្រជុំ អាយស៊ីស៊ី អង្គរម្តងៗ គឺមានអ្នកជំនាញខ្មែរឡើងធ្វើបទបង្ហាញជាភាសាខ្មែរ មានន័យថា អ្នកទាំងអស់នោះកំពុងធ្វើសកម្មភាពយ៉ាងសកម្មដែលជាស្នាដៃរបស់ខ្លួនហើយ អ្នកខ្លះសរសេរបានជារបាយការណ៍ជាភាសាខ្មែរផ្សេងៗទៀត នេះជាការរីកចម្រើនមួយ ដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត។
អ៊ីសា រ៉ហានី៖ ជាសំណួរចុងក្រោយ តើនៅក្នុងបេះដូងរបស់លោកសាស្ត្រាចារ្យ ចាត់ទុកអង្គរ ដូចទៅនឹងអ្វី?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ អង្គរជាសម្បត្តិវប្បធម៌ក្នុងប្រវត្តិមួយហើយ ក៏ជា ស្នាដៃដ៏ល្អពិសិដ្ឋមួយរបស់ខ្មែរដែរ។ គេតែងចោទជាសំណួរពី៨០០ឆ្នាំមុន ទៅ១០០០ឆ្នាំមុន ហើយរហូតមកដល់សព្វថ្ងៃនេះ នៅតែមានអ្នកស្រឡាញ់ដែលការពារថែរក្សាមកចោទជា សំណួរទៅមនុស្សលោកថា តើមនុស្សនោះជាអ្វីទៅ មនុស្សនោះត្រូវធ្វើអ្វីជារបៀបសាសនា ផង ជាមនោគតិផង។ ខ្ញុំឃើញអង្គរ ខ្ញុំនៅតែចោទខ្លួនខ្ញុំថា តើមនុស្សនោះជាអ្វីទៅ មកពីណា ទៅណា ហើយបម្រុងធ្វើអ្វី។
គួររម្លឹកដែរថា នេះជាពានរង្វាន់ និងគ្រឿងឥស្សរិយយសទី៥ហើយ ចាប់ពីឆ្នាំ១៩៩១មក ដែលលោកសាស្រ្តាចារ្យ អ៊ីស៊ីសាវ៉ា បានទទួល។ ទី១ នៅឆ្នាំ១៩៩១ ពានរង្វាន់ក្រសួងការបរទេសនៃប្រទេសជប៉ុន (Japan Foreign Minister’s Commendation)។ ទី២ ឆ្នាំ១៩៩៨ គ្រឿងឥស្សរិយយស សហមេត្រី ពីព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទី៣ ឆ្នាំ២០០៧ គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន ពីព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទី៤ ឆ្នាំ២០១២ គ្រឿងឥស្សរិយយស សម្បត្តិពិសិដ្ឋ ផ្កាយមាសនិងប្រាក់ ពីព្រះចៅអធិរាជ នៃប្រទេសជប៉ុន (The Order of the Sacred Treasure, Gold and Silver Star)។ និងទី៥ ពានរង្វាន់ រ៉ាម៉ុន ម៉ាកសាយសាយ ដែលគេនិយមហៅ រង្វាន់ណូបែលអាស៊ី (The Ramon Magsaysay Award (Asia Version of the Nobel Prize)៕
0 Comments