"ការកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីមកអភិវឌ្ឍន៍ គឺជាទង្វើដ៏ល្ងង់ខ្លៅបំផុត" លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ


នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បាន​បញ្ជាក់ប្រាប់ប្រជាពលរដ្ឋនិងសកម្មជនស្រឡាញ់ប​រិស្ថានព្រៃ​ឈើថា ម៉ាឡេស៊ីនឹង​មិនជោគជ័យនិងអភិវឌ្ឍឡើយ បើ​បរាជ័យក្នុង​ការ​ថែរក្សាព្រៃឈើនិងបរិស្ថានរបស់ជាតិ។ នេះ​បើតាមការចុះផ្សាយអត្ថប​ទជាភាសាអង់គ្លេសលើវិបសាយម៉ាឡេស៊ីឈ្មោះ Malaysia Kini។



នាយករដ្ឋមន្រ្តីល្បីឈ្មោះចាស់វស្សារូបនេះ បន្ថែមថា យើងនឹងអភិរក្សបរិស្ថានឲ្យ​បាន​ល្អទុកសម្រាប់មនុស្សជំនាន់នេះ និង​ក្មេងៗជំនាន់ក្រោយ ព្រោះវាមានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់ពលរដ្ឋ ដោយមិនអាចកាត់ផ្តាច់គ្នាពីធម្មជាតិបានឡើយ។

«យើងត្រូវដឹងថា ការប្រឹងប្រែងឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍ មិនមែនស្តែងឡើងដោយមានអគារខ្ពស់ៗ តែទន្លេរត្រូវបំពុល ដីត្រូវវាលធេងព្រោះព្រៃឈើត្រូវកាប់បំផ្លាញ ហើយខ្យល់ដែលយើងដកដង្ហើមត្រូវបំពុលស្ទើរស្លាប់ស្ទើររស់នោះទេ»។ សម្តីរបស់លោក មហាធៀ និយាយទៅកាន់ពលរដ្ឋក្នុងទិវាបរិស្ថានពិភពលោកកាលពីថ្មីៗនេះ។









លោក មហាធៀនិងភរិយា ពេលចូលរួមទិវាបរិស្ថានពិភពលោក
លោកថា ឧទ្យានធម្មជាតិ Taman Tugu ទំហំដី ២៦,៧ ហិកតា ជាទីតាំងប្រារព្ធទិវាបរិស្ថានពិភពលោក។ ទីតាំង​មួយ​នេះ ជាបេះដូងនៃទីក្រុងកូឡាឡាពួររបស់ម៉ាឡេស៊ី ដែល​បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ចំពោះការ​ធានានូវលំនឹងរវាង ការ​អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តរបស់ជាតិ និងការអភិរក្សធម្មជាតិ ដោយឲ្យទាំងពីរនេះ​ត្រូវដើរទន្ទឹមគ្នា ពុំអាចខ្វះមួយណាបានឡើយ៕


Post a Comment

0 Comments