ជនបរទេស ៤រូប ដែលសុខចិត្តលះបង់លុយរាប់លានដុល្លារ រួមទាំងបានបូជាកម្លាំងកាយចិត្ត ដើម្បីជួយពលរដ្ឋខ្មែរ



លោកអ្នក​នាង​ខ្លះ​ប្រាកដ​ជា​បាន​​ដឹង​ឮ​តាម​រយៈ​ការ​អាន​ព័ត៌មាន ឬ​ការ​ផ្សព្វផ្សាយ​ផ្សេងៗ អំពី​ភាព​ល្បីល្បាញ​របស់​ជន​បរទេស​មួយ​ចំនួន ដែល​បាន​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត និង​ទ្រព្យ​សម្បត្តិ​​ ជួយ​ដល់​ប្រជាជន​កម្ពុជា។ ក្នុង​ចំណោម​​អ្នក​ទាំង​នោះ Cambonomist សូម​លើក​យក​ជន​បរទេស​ ០៣រូប ដែល​មានភាព​លេចធ្លោ​ជាង​គេ​ ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ខ្មែរ និង​សង្គម​ខ្មែរ។​

1) លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner)



ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ កើត​នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​១៩៤៧។ លោក​ទទួល​សញ្ញាបត្រ​វេជ្ជបណ្ឌិត​នៅ​ឆ្នាំ​១៩៧៣ ជាមួយ​នឹង​ឯកទេសព្យាបាល​កុមារ នៅ​មន្ទីរពេទ្យ​កុមារ នៅ​ទីក្រុង​ហ្ស៊ុយរិច ប្រទេស​ស្វ៊ីស។
ឆ្នាំ​១៩៧៤/៧៥ កាកបាទ​ក្រហម​ស្វ៊ីស​ បាន​បញ្ជូន​គាត់​មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​ គន្ធបុប្ផា នៅ​រាជ​ធានី​ភ្នំពេញ។ ប៉ុន្តែ របប​ខ្មែរ​ក្រហម បាន​ធ្វើ​ឲ្យ​គាត់​បង្ខំ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​ស្វ៊ីសវិញ នៅ​ឆ្នាំ​១៩៧៥។



ឆ្នាំ​១៩៩២ លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​បាន​កសាង​ឡើង​វិញ​ និង​ពង្រីក​គន្ធបុប្ផា ចាប់តាំង​ពី​ពេល​នោះ​មក។ ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក លោក បេអាត រីច្ឆន័រ បាន​បង្កើត​និង​ដំណើរការ​មន្ទីរ​ពេទ្យ​ចំនួន ០៥ នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប។



នៅ​រាជ​ធានី​ភ្នំពេញ មន្ទីរពេទ្យ​ គន្ធបុប្ផា មាន​ចំនួន ៤ គឺ​ គន្ធបុប្ផា ១ កសាង​នៅ​ឆ្នាំ​១៩៩២, គន្ធបុប្ផា ២ កសាង​នៅ​ឆ្នាំ​១៩៩៦, គន្ធបុប្ផា ៣ កសាង​នៅ​ឆ្នាំ​២០០៥ និង​ គន្ធបុប្ផា ៤ កសាង​នៅ​ឆ្នាំ​២០០៧។ នៅ​ខេត្ត​សៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បាន​កសាងនិង​ដំណើរការ​មន្ទីរពេទ្យ​មួយ ឈ្មោះ មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ដែល​មន្ទីរពេទ្យ​កសាង​នៅ​ឆ្នាំ​១៩៩៩។



ក្នុងរយៈពេល​ជាង ២៤ឆ្នាំ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ បាន​ផ្ដល់​ការព្យាបាល​មិន​សម្រាកដល់​អ្នក​ជំងឺ ១៤.៨៣៧.១៥៥នាក់ អ្នក​ជំងឺ​សម្រាក​ព្យាបាល​បាន ១.៥១៦.៤៧១នាក់ ពិនិត្យ​ផ្ទៃ​ពោះ​បាន ១.៣៩០.៣២៣​នាក់ និង​សម្រាល​កូន​បាន ១៩២.៨៩៧នាក់។

2)អ្នកនាង អ៊ែនជែលីណា ចូលី (Angelina Jolie)



តារាភាពយន្ត​ហូលីវូដអ្នកនាង អ៊ែនជែលីណា ចូលី ដំបូង​ឡើយត្រូវ​បាន​ខ្មែរ​មួយ​ចំនួន​ស្គាល់​ដោយសារ​នាង​សម្ដែង​នៅ​ក្នុង​រឿង​កុន​ហូលីវូដ​មួយ​ គឺ​រឿង Tomb Raider ដែល​មាន​ឈុត​ខ្លះ​ថត​នៅ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា កាល​អំឡុង​ដើម​ទសវត្ស​២០០០។
តាំង​ពី​ពេល​នោះ​មក តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ​នេះ​ហាក់​បាន​ជាប់​ជំពាក់​ចិត្ត​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា។



ឆ្នាំ​២០០២ អ្នក​នាង អ៊ែនជែលីណា បាន​សុំ​កូនខ្មែរ​មួយ​រូប​ចិញ្ចឹម ដោយ​ដាក់​ឈ្មោះថា Madox។ តាំង​ពី​ពេល​នោះ​មក អ្នក​នាង​ឧស្សាហ៍​អញ្ជើញ​មក​ប្រទេស​កម្ពុជា ដោយ​បាន​ទិញ​ដី​សម្រាប់​អភិរក្ស​ព្រៃ​ឈើ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ផង​ដែរ។ អ្នក​នាង​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សញ្ជាតិ​កម្ពុជា​ឲ្យ ជា​កិច្ចតបស្នង​ចំពោះ​គុណបំណាច់​របស់​អ្នកនាង។



នៅដើម​ឆ្នាំ​២០១៦ អ្នក​នាង​ អ៊ែនជែលីណា បាន​ដឹកនាំ​ថត​ខ្សែ​ភាពយន្ត​ទាក់ទង​នឹង​រឿង​រ៉ាវ​សម័យ​ខ្មែរ​ក្រហម ដែល​មាន​ចំណង​ជើងថា «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» ឬ “First, They Killed My Father” នៅ​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា។ ហើយ​កូន​ប្រុស​នាង ឈ្មោះ​ ម៉ាដុក ដែល​មាន​កំណើត​ខ្មែរ ក៏ចូលរួម​ជួយ​នៅ​ក្នុង​ផលិតកម្ម​នេះ​ដែរ។



ក្រៅ​ពី​មាន​អារម្មណ៍​ផ្សារភ្ជាប់​ជាមួយ​ខ្មែរ យក​កូនខ្មែរ​ទៅ​ចិញ្ចឹម​ធ្វើកូន ជួយ​ដល់​ការអភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា និង​ថត​កុន​ទាក់ទង​នឹង​ខ្មែរ អ្នក​នាង អ៊ែនជែលីណា ចូលី បាន​ជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​ពិភព​លោក​ស្គាល់​កាន់​តែ​ច្បាស់​ថែមទៀត ពីព្រោះ​រៀងរាល់​ពេល​ដែល​អ្នក​នាង​ធ្វើដំណើរ​មក​កម្ពុជា ឬ​ធ្វើ​អ្វី​មួយ​ទាក់ទង​នឹង​កម្ពុជា សារព័ត៌មាន​ទូទាំង​ពិភព​លោក​ចុះផ្សាយ​រឿង​របស់​អ្នកនាង ដោយ​ភ្ជាប់​ជាមួយ​នឹងប្រទេស​កម្ពុជា។

3) លោក ស្កុត នីសុន (Scott Neeson)



អតីត​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ហូលីវូដលោក​ ស្កុត នីសុន មាន​អាជីព​ការងារ​ក្នុង​វិស័យ​ផលិត​កុន​នៅ​ហូលីវូដ ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក រយៈពេល ២៦​ឆ្នាំ មាន​ប្រាក់ខែ​ច្រើន​ចាយ​មិនអស់ មាន​ផ្ទះ​ធំ មាន​ឡាន​ទំនើប និងមាន​ទូក​កម្សាន្ត។
ប៉ុន្តែ នៅក្នុង​អំឡុង​ដើម​ទសវត្ស​ឆ្នាំ​២០០០ លោក ស្កុត បាន​មក​ទស្សនកិច្ច​កម្ពុជា។ នៅ​គ្រា​នោះ គាត់​បាន​ជួប​កុមារ​ដើរ​រើស​សំរាម​នៅ​ស្ទឹងមានជ័យ រាជ​ធានី​ភ្នំពេញ។



ពេលនោះ​ហើយដែល​បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ប្រែប្រួល។ លោក ស្កុត បាន​លាលែង​ពី​ការងារ​ប្រាក់​ខែ​ច្រើន ជីវិតរស់នៅ​ស្រណុក​សុខ​ស្រួល មក​រស់នៅ​រាជ​ធានី​ភ្នំពេញ​ បើក​មូលនិធិ និង​អង្គការ​ ជួយ​កុមាររើស​សំរាម​នៅ​ស្ទឹងមានជ័យ ឲ្យ​មាន​ការអប់រំ និង​ជួយ​គ្រួសារ​ពួកគេ​ឲ្យ​មាន​ជីវភាព​សមរម្យ។
ថ្មីៗ​នេះ លោក ស្កុត នីសុន បាន​កសាង​សាលារៀន​ធំ​មួយ នៅ​សហគមន៍​ស្ទឹងមានជ័យ ផ្ដល់​ការអប់រំ​ដល់​កុមារ​កាន់​តែ​ច្រើន​នាក់។



យើង​មិន​អាច​រៀបរាប់​អស់​សេចក្ដី​សមល្មម​នឹង​អ្វី​ដែល​ពួកគាត់​ទាំងបី​រូប​ខាង​លើ បាន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ និង​សង្គម​ខ្មែរ។ យើង​គ្រាន់តែ​សង្ឃឹមថា រឿងរ៉ាវ​របស់​ពួកគាត់​នឹង​ជំរុញ​ទឹក​ចិត្ត​ដល់​ប្រជាជន​ខ្មែរ ជាពិសេស សេដ្ឋី​នៅ​កម្ពុជា​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ជន​រួម​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត៕

4) លោក Christian ស្ថាបនិក​អង្គការ PSE (POUR UN SOURIRSD’ENFANT)



ក្នុង​ឆ្នាំ​ ១៩៩៥ Christian និង Marie-France des Pallières បាន​មក​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចូលនិវត្តន៍​នៅ​ប្រទេស​បារាំង​។ ប៉ុន្តែ​មួយ​ថ្ងៃ​មុន​ពេល​អ្នក​ទាំង​ពីរ​ចេញ​ទៅ​មាន​ក្មេង​ប្រុស​តូច​គួរ​ឱ្យ​អាណិត​ម្នាក់​នៅ​តាម​ដង​ផ្លូវ​បាន​បង្ហាញ​ប្រាប់​ពី​កន្លែង​ដែល​គាត់​រស់​នៅ​។ នេះ​ជា​អ្វី​ដែល​អ្នក​ទាំង​ពីរ​បាន​ឃើញ​កន្លែង​ចាក់​សំរាម​ដ៏​សំខាន់​នៅ​ជាយ​ក្រុង​រាជធានីភ្នំពេញ ហើយ​ក៏​ឃើញ​កុមារ​កម្ពុជា​ច្រើន​កំពុង​រស់​នៅ​គួរ​ឲ្យ​អាសូរ។



លោក​ Christian និង​ភរិយា​ Marie​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​ឃើញ​ហើយ​ក៏​ផុស​គំនិត​មួយ​គិត​ថា «អ្នក​មិន​អាច​មើល​ឃើញ​រឿង​បែប​នេះ​ហើយ​បន្ត​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ ​បែប​នេះ​បាន​ទៀត​ទេ»។

ក្រោយ​មក​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​ក៏​បាន​លះបង់​រឿង​គ្រប់​យ៉ាង​ទាំង​អស់​ ដែល​នៅ​ពី​ក្រោយ​ខ្នង ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ក្ដី​សង្ឃឹម​មួយ​ថា​នឹង​មិន​ឲ្យ​ស្ថាន​ភាព​បែប​នេះ​កើត​ឡើង​ចំពោះ​កុមារ​កម្ពុជា​ទៀត​ទេ។ បន្ទាប់​មក​អ្នក​ទាំង​ពីរ​បាន​យក​ប្រាក់​កាស​សល់​ពី​ការ​សន្សំ​ទិញ​អាហារ​ឆ្ងាញ់ៗ និង​ចាប់​ផ្ដើម​ផ្ដល់​ជំនួយ​ជា​លើក​ដំបូង​ដល់​កុមារ​នៅ​កន្លែង​ចាក់​សំរាម។



ក្នុង​ឆ្នាំ១៩៩៦ លោក​ Christian និង​ភរិយា​ ចាប់​ផ្ដើម​ជួល​អគារ​មួយ និង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​កុមារ​តូច​ៗ​ចំនួន 60 នាក់។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ជាង ៧០០០នាក់ មាន​អាយុ​ពី៦ ដល់ ២០ឆ្នាំ​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​សាលា PSE ។ នេះ​បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​សាលា​មួយ​នេះ។

PSE គឺ​កើត​ឡើង​ចេញ​ពី​បេះដូង និង​មនោសញ្ចេតនា​ មិន​អាច​កាត់​ថ្លៃ​បាន​របស់​ប្ដីប្រពន្ធ​ជនជាតិ​បារាំង​មួយ​គូ​នេះ។ អ្នក​ទាំង​ពីរ​បាន​រៀបការ​រយៈពេល​ជាង ៥០​ឆ្នាំ​មក​ហើយ និង​មាន​កូន​ពេញ​វ័យ​ចំនួន​បួន​នាក់។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​លោក​ក​Christian បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ដោយ​ជរាពាធ​។

សាលា​PSE​ គឺ​ជា​អនុស្សាវរីយ៍​២០ឆ្នាំ​ចុង​ក្រោយ​របស់អ្នកទាំងពីរ ជំនួស​ឱ្យ​ការ​ចូល​និវត្តន៍​ដ៏​សុខសាន្ត​នៅ​បារាំង៕

Post a Comment

0 Comments