រឿងអស្ចារ្យទាំង ៨ យ៉ាងរបស់ប្រាសាទអង្គរវត្ត ដែលកូនខ្មែរភាគច្រើនមិនសូវដឹង



បើនិយាយអំពីប្រទេសកម្ពុជា គ្មាននរណាម្នាក់ដែលនឹកមិនឃើញអំពីប្រាសាទអង្គរវត្តនោះទេ។ ចំណែកឯពួកយើងជាជនជាតិខ្មែរ ក៏ដូចគ្នា នៅពេលដែលនិយាយអំពីមោទនភាពជាតិខ្មែរ គឺយើងនឹកឃើញដល់ប្រាង្គដ៏ធំស្កឹមស្កៃនេះមុនគេ ហើយពេលដែលមានគម្រោងធ្វើដំណើរកំសាន្តអ្វីមួយ ទីកន្លែងដែលគិតដល់មុនគេគឺប្រាកដជាប្រាសាទអង្គរវត្ត។ ពិតណាស់ ប្រាសាទអង្គរវត្តគឺជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ​ ដែ​លបុព្វបុរសយើងបានបន្សល់ទុកឱ្យ ហើយតែងតែជាប្រភពនៃមោទនភាពរបស់ជាតិខ្មែរផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏អាចនឹងមានចំណុចខ្លះៗ ដែលអ្នកទាំងអស់គ្នាអាចនឹងមិនបានដឹងលឺអំពីប្រាសាទនេះ។

១. ប្រភពទេសចរណ៏



មូលហេតុចម្បងមួយនៃកំណើនភ្ញៀវទេសចរណ៏ដ៏សន្ធឹកចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដោយសារតែតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះឯង។ របាយការណ៏ទេសចរណ៏ឆ្នាំ ២០១៥​ បង្ហាញថាមានភ្ញៀវទេសចរណ៏អន្តរជាតិចូលមកទស្សនាប្រទេសកម្ពុជា មិនតិចជាង ៤.៧ លាននាក់នោះទេ ហើយចំណូលពីទេសចរណ៏មានរហូតដល់ទៅជិត ៣ ពាន់លានដុល្លារ​ឯណោះ។

២. មោទនភាពទង់ជាតិខ្មែរ



ទង់ជាតិខ្មែរ ជាទង់ជាតិមួយ ក្នុងចំណោមទង់ជាតិតែពីរប៉ុណ្ណោះ (មួយទៀតរបស់ប្រទេសអាហ្គានីស្ថាន) ដែលមានរូបអាគារជារូបតំណាងនៃប្រទេសមាននៅលើទង់ជាតិ។ ប្រាសាទអង្គរវត្តត្រូវបានគេយកមកដាក់នៅលើទង់ជាតិខ្មែរ តាំងពីឆ្នាំ ១៨៥០ ឯណោះ។

៣. តំបន់ឧទ្យានជាតិអង្គរ



តំបន់ឧទ្យានអង្គរទាំងមូល ដែលធ្លាប់ជាទីតាំងរាជធានីសម័យអង្គរមានទំហំរហូតដល់ជាង ៤០០ គីឡូម៉ែតការ៉េ។ អ្នកទស្សនាភាគច្រើន គិតថាឧទ្យានអង្គរទាំងមូល គឺសំដៅតែលើប្រាសាទអង្គរវត្ត និងប្រាសាទធំៗមួយចំនួនទៀតប៉ុណ្ណោះដូចជា ប្រាសាទបាយ័ន ប្រាសាទតាព្រហ្មជាដើម។

៤. កំពែងក្រុងអង្គរ

<

ពីសម័យអង្គរ គេជឿថាមានកំពែងក្រុងដែលហ៊ុំព័ទ្ធទីក្រុងទាំងមូលពីមនុស្សខាងក្រៅតែម្តង ហើយកំពែងនេះត្រូវបានគេជឿថាហ៊ុំព័ទ្ធក្រុងទាំងមូលដែលមានទំហំជាង ៨២ ម៉ឺនម៉ែត្រការ៉េ។ ទោះជាយ៉ាងណា សម្រាប់ពេលបច្ចុប្បន្ន គេឃើញមាននៅសល់តែខ្លោងទ្វារចូលតាមទិសនីមួយៗប៉ុណ្ណោះ។

៥. ការសាងសង់



ប្រាសាទសាសនាដ៏ធំមួយនេះ ត្រូវបានគេកសាងតាំងពីដើមសតវត្សទី១២ គឺនៅចន្លោះឆ្នាំ ១១១៣ រហូតដល់ឆ្នាំ ១១៥០។ ហើយគេជឿថាថ្មដែលត្រូវយកមកសាងសង់ទាំងអស់មានទម្ងន់មិនតិចជាង ៥ លានតោននោះទេ ដែលត្រូវបានយកមកតាមផ្លូវទឹកប្រហែលជា ៤០ គីឡូម៉ែតពីទីតាំងសាងសង់។

៦. អ្ន​កទស្សនាដំបូងបង្អស់



គេមិនមានការកត់ត្រាអំពីការទស្សនារបស់ជនបរទេសណាមួយនៅប្រាសាទអង្គរវត្តឱ្យបានច្បាស់លាស់ឡើយ។ យ៉ាងណាមិញ គេមាននូវកំណត់ហេតុរបស់អ្នកការទូតចិន លោកជីវ តាក្វាន់ដែលបានចំណាយពេលរស់នៅក្នុងសម័យអង្គរ ហើយបានរៀបរាប់ពីជីវភាពប្រចាំថ្ងៃជាច្រើនរបស់ប្រជាជនខ្មែរនៅសម័យនោះ។ ក្រោយមកទៀត ជនជាតិអ៊ឺរ៉ុបដែលបានមកទស្សនាដំបូងគេអាចជា ព្រះសង្ឃជនជាតិប៉ទុយហ្គាល់ Antonio da Madelna ដែលទស្សនានៅឆ្នាំ ១៥៨៦។

៧. សម្បត្តិបេតិកភ័ណ្ឌពិភពលោក



ឧទ្យានជាតិអង្គរវត្ត ដែលរួមមានទាំងប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទដទៃទៀតនៅក្នុងបរិវេណនោះ ត្រូវបានគេចុះជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់ UNESCO World Heritage Site តាំងពីឆ្នាំ ១៩៩២ ហើយបន្ទាប់ពីនោះ មានការសហការជាបន្តបន្ទាប់រវាងរាជរដ្ឋាភិបាល និងភាគីអន្តរជាតិក្នុងការជួយជួសជុល ថែរក្សាសម្បត្តិមនុស្សជាតិមួយនេះរហូតមក។

៨. តំបន់អង្គរក្នុងរឿងហូលីវូដ



ប្រាសាទតាព្រហ្ម ដែលត្រូវបានគេស្គាល់តាមរយៈដើមឈើដ៏ធំ ដែលបានភ្ជាប់ខ្លួនទៅនឹងតួប្រាសាទនោះ ត្រូវបានគេជ្រើសរើសធ្វើជាទីតាំងសម្រាប់ឈុតនៅក្នុងរឿង Tomb Raider ដែលជារឿងដ៏ល្បីរ​បស់ហូលីវូដ។ ក្រុមហ៊ុន Paramount ដែលផលិតខ្សែភាពយន្តនេះ ត្រូវចំណាយជាង ១០,០០០ ដុល្លារអាមេរិក សម្រាប់រយៈពេលថតចំនួន៧ថ្ងៃនៅទីនោះ។

Post a Comment

0 Comments