រន្ធត់ណាស់! ខ្មោចប្រែខ្លួនជាមនុស្ស មកជួយដូរកង់់ឡាន….(រឿងពិត)


នឹកឃើញមិនភ្លេច រឿងហេតុកាលពីយប់មិញ ពេលដែលខ្ញុំជិះឡានជាមួយបងប្រុសខ្ញុំទៅខេត្តបាត់ដំបង បំណងចង់ទៅមើលរឿង “First they killed my father” ព្រោះគេចាក់បញ្ចាំងជូនទស្សនាដោយសេរី។ ប៉ុន្តែសំណាងមិនល្អ ពេលជិះហួសទីរួមខេត្តកំពង់ឆ្នាំងបន្តិច ឡានបងប្រុសខ្ញុំក៏បែកកង់។ ដំបូងពួកខ្ញុំគិតថាមិនអីទេ ក៏ប្រឹងដូរកង់ខ្លួនឯង ស្រាប់តែដូរយូរទៅ កាន់តែយូរទៅ ចំណាយពេលអស់បួនប្រាំម៉ោង នៅតែដូរមិនទាន់រួចទៀត។ ពេលនោះ ប្រហែលជាខ្ទង់ម៉ោង6ល្ងាច មេឃចាប់ផ្តើមងងឹត ពួកខ្ញុំក៏ចាប់ផ្តើមព្រួយបារម្ភជាខ្លាំង។ ដោយសារតែយើង ហាក់នៅដាច់ស្រយាលពីទីប្រជុំជន ហើយទូរស័ព្ទយើងមិនអាចធ្វើការហៅចេញផង បងប្រុសខ្ញុំក៏សម្រេចចិត្តឈប់ដូរកង់ដោយខ្លួនឯង ហើយក៏ដើររកមើល ក្រែងមានអ្នកស្រុកណាអាចពឹងពាក់បាន។ ដំបូង បងប្រុសខ្ញុំក៏ឲ្យខ្ញុំរង់ចាំគាត់នៅក្នុងឡាន តែដោយសារតែខ្ញុំមិនហ៊ាននៅម្នាក់ឯង ខ្ញុំក៏សុំគាត់ទៅជាមួយបានជាគ្នា។

មិននឹកស្មានថា ពួកយើងដើរកាន់តែឆ្ងាយទៅ ឆ្ងាយទៅ រហូតដល់មេឃងងឹតស្លុប រកមើលអ្វីពុំឃើញ សូម្បីតែផ្ទះប្រជាជនមួយ ក៏រកមើលមិនឃើញដែរ។ ពួកយើងប្រឹងដើរទៅមុខទៀត ដើររហូតដល់របងវត្តមួយដ៏ស្ងាត់ជ្រងំ លឺតែសម្លេងចង្រិតយំ និងរំលេចទៅដោយកំពូលចេតិយពីរធំៗ នៅក្បែរវត្តនោះ។ អ្វីដែលគួរឲ្យព្រឺរោមនោះ គឺនៅសុខៗ ក៏លេចចេញបុរសពីរនាក់ មាឌធំដំបង សម្បុរខ្មៅ ពាក់អាវរលុងៗ ជិះម៉ូតូ ចេញពីផ្លូវក្រោយវត្ត សំដៅមករកពួកខ្ញុំ។ ខ្ញុំភ្ញាក់ព្រើត រោមខ្ញុំបះច្រង៉ាង អារម្មណ៍មួយភ័យតក់ស្លុតបារម្ភខ្លាចពួកគេជាមនុស្សមិនល្អ តែក៏មានអារម្មណ៍ថារីករាយខ្លះដែរ ព្រោះមានមនុស្សអាចឲ្យពួកខ្ញុំសុំជំនួយបាន។

រំពេចនោះ បងខ្ញុំក៏ស្ទុះទៅនិយាយជាមួយពួកគេ ហើយសុំឲ្យពួកគេជួយស្វែងរកជាងឡានឲ្យ។ បន្ទាប់ពីនិយាយសួរនាំគ្នារួច ទើបខ្ញុំអាចមើលដឹងថា ពួកគេទាំងពីរនោះ មិនមែនជាមនុស្សអាក្រក់ទេ។ ពួកគេនិយាយមួយៗ ហើយក៏ប្រាប់ពួកខ្ញុំឲ្យជូនពួកគេទៅរកឡានពួកខ្ញុំ។ ទៅដល់ភ្លាម ពួកគេក៏ញាប់ដៃ ញាប់ជើង ចុះទៅជួយដូរកង់ឡានឲ្យពួកខ្ញុំ ប្រៀបដូចជាអ្នកជួសជុលរថយន្តអាជីពចឹង។ មិនដល់10នាទីផង ពួកគេក៏ប្តូរកង់ឡានហើយរួចជាស្រេច។ ពួកខ្ញុំសប្បាយចិត្តមែនទែន ហើយបងប្រុសខ្ញុំក៏ហុចលុយបន្តិចបន្តួច ជូនជាសរគុណដល់ពួកគាត់ទាំង2។

ប៉ុន្តែ អ្វីដែលគួរឲ្យចម្លែកនោះ គឺពួកគាត់ប្រកែកមិនទទួលយកលុយនោះទាល់តែសោះ ហើយគាត់បែរជាសុំឲ្យពួកខ្ញុំ យកស្រាបៀរ រឺភេសជ្ជៈ ដែលពួកខ្ញុំមានក្នុងឡាន យកទៅសែន ច្រូច នៅមុខចេតិយ ដែលពួកខ្ញុំបានជួបពួកគាត់មុននេះ ព្រោះពួកគាត់ថា ចេតិយនោះខានមានកូនចៅមកសែនឲ្យជាយូរណាស់មកហើយ។ ពួកខ្ញុំចាប់ផ្តើមចម្លែកក្នុងចិត្ត តែក៏មិនប្រកែកនឹងសំណើររបស់ពួកគាត់ដែរ។ ដោយសារតែផ្លូវចូលនោះរាងចង្អៀត បងប្រុសខ្ញុំ ក៏ឲ្យខ្ញុំដើរទៅក្បែររបងវត្តនោះ ដើម្បីយកស្រាបៀរនិងទឹកក្រូចបួនប្រាំកំប៉ុង យកទៅសែនច្រូចនៅមុខចេតិយធំៗពីរ ហើយគាត់ក៏បញ្ឆេះឡានរង់ចាំនៅខាងមុខផ្លូវធំ។

ខ្ញុំហាក់មានអារម្មណ៍ព្រឺព្រួចបន្តិចបន្តួច តែព្យាយាមទប់ចិត្ត ហើយប្រាប់ខ្លួនឯងថា បើយើងមិនធ្វើអីគេ ក៏គេមិនធ្វើអីយើងដែរ។ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿ និងកាន់តែតក់ស្លុតបំផុតសម្រាប់ខ្ញុំ គឺបន្ទាប់ពីខ្ញុំបានចាក់ច្រូចភេសជ្ជៈរួច ហើយបំរុងនឹងរត់ទៅរកឡានវិញ ខ្ញុំក៏ងាកក្រោយ ហើយក៏ក្រឡេកឃើញ បុរសមាឌធំទាំងពីរនាក់នោះ លេចមុខចេញមកម្តងទៀត កំពុងអង្គុយនៅក្បែរចេតិយ ជល់កែវគ្នា ហើយងាកមើលមកខ្ញុំបណ្តើរ សើចបណ្តើរ គួរឲ្យរន្ធត់ជាពន់ពេក។

ខ្ញុំហាក់ស្រឡាំងកាំង រកនិយាយអ្វីមិនចេញ ដៃខ្ញុំឡើងស្ពឹក មាត់ខ្ញុំឡើងរឹងអស់ ចង់ស្រែកប្រាប់បងខ្ញុំ ក៏ស្រែកមិនរួច ហើយរំពេចនោះខ្ញុំក៏ទន់ជើង ដួលខ្ពោកនៅលើភ្លឺស្រែ។ ដៃខ្ញុំប្រឹងស្រវារាវយកទូរស័ព្ទ ដើម្បីCallទៅបងប្រុសខ្ញុំ ហើយរំពេចនោះ ខ្ញុំក៏លឺសម្លេងស្ត្រីម្នាក់បន្លឺឡើងថា៖ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ” រួចខ្ញុំក៏សន្លប់បាត់ស្មារតីទៅ។ ពេលភ្ញាក់ដឹងខ្លួនឡើង ទើបខ្ញុំដឹងថា វាមិនមែនជាការពិតទេ គឺដោយសារតែខ្ញុំឃ្លានមើលរឿង “First they killed my father” ខ្លាំងពេក ទើបខ្ញុំគេងយល់សប្តិឃើញបែបនេះ។

Post a Comment

0 Comments