មិនជឿកុំប្រមាថ!! តំណម ៧យ៉ាងដែលអ្នកគួរដឹងមុនសំរេចចិត្តទិញផ្ទះថ្មី បើចង់រស់នៅសុខសប្បាយ គ្មានគ្រោះភ័យ

ប្រជា​ពលរដ្ឋ​ភាគ​ច្រើ​នៅ​ក្នុង​សហគមន៍​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​មុន​ពេល ​សម្រេច​ចិត្ត​ថា​ទិញ​ទ្រព្យធន ឬ ទ្រព្យ​អ្វី​មួយ​នោះ​ត្រូវ​គិត​លើ​ចំណុច​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​រឿង​អបិយ ​ជំនឿ។ ប្រសិន​បើ​ពួក​គេ​មិន​បាន​ដឹង​ពី​កត្តា​ទាំង​អស់​នេះ​ទេ​ ទ្រព្យធន ឬ​របស់​អចលនទ្រព្យ​បាន​ទិញ​នោះ​នឹង​មាន​ផល​លំបាក​សម្រាប់​លក់​ពេល​ក្រោយ​ជា​ មិន​ខាន ឬក៏​ត្រូវ​បង្ខំ​លក់​ទាំង​តម្លៃ​ខាត។
កត្តា​ទាំង​ឡាយ​ដែល​លោក​អ្នក​គួរ​ពិចារណា​នោះ​រួម​មាន​ ក្បួន​ហុងស៊ុយ ជំនឿ​លើ​ព្រលឹង​ និង​ជំនឿ​ជុំវិញ​បញ្ហា​សុខភាព​នានា​ជាដើម។



ខាង​ក្រោម​នេះ​គឺជា​ជំនឿ​ទូទៅ​មួយ​ចំនួន​ ដែល​ប្រជាជន​នៅ​អាស៊ី​តែង​ប្រកាន់​ខ្ជាប់៖​

ចិន​មាន​ត្រណម​លេខ​៤​
ប្រជា​ជន​ចិន​ភាគ​ច្រើន​មាន​ត្រណម​លើ​លេខ​៤។ លេខ​៤ ក្នុង​ភាសា​ចិន មាន​សូរ​សំនៀង​ដែល​ស្តាប់​ទៅ​ស្រដៀង​នឹង​ពាក្យ​ថា «ស្លាប់»។ ដូច្នេះ​ហើយ​ទើប​គេ​ជឿ​ថា​លេខ​៤​តំណាង​ឲ្យ​ក្តី​មរណា​។នេះ​បើ​តាម​ក្បួន​ ខ្នាត​របស់​ចិន​បុរាណ។ ដូច្នេះ​គួរ​ប្រយ័ត្ន​ប្រយែង​មែន​ទែន​ពេល​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​ដែល​មាន​លេខ​៤ ឬ​ស្ថិត​នៅ​លើ​ដង​វិថី​លេខ​៤​ជា​ដើម។



ត្រណម​លេខ​១៣​ជា​លក្ខណៈ​ជំនឿ​សាកល​
ប្រសិន​បើ​លោក​អ្នក​បាន​ទស្សនា​អគារ​ខ្ពស់ៗ​នៅ​ឯ​ទីក្រុង​គូឡាឡាំពួ​ប្រទេស ម៉ាឡេស៊ី លោក​នឹង​មិន​ឃើញ​មាន​ជាន់​ទី​១៣ ឬ លេខ​ជាន់​ទី​១៣​នៃ​ជណ្តើរ​យន្ត​ឡើយ។ ការ​ជំនួស​លើ​ជាន់​លេខ​ទី​១៣​នោះ​ត្រូវ​បាន​គេ​ដាក់​ជា​លេខ​ទី​១១A ឬ ទី​១២A វិញ។ នេះ​ក៏​ដោយ​សារ​ប្រទេស​នេះ​មាន​ជំនឿ​លើ​ត្រណម​លេខ​១៣​នេះ​ឯង។



ទី​តាំង​ស្ថិត​នៅ​លើ​ចំណុច​ប្រសព្វ​រាង​អក្សរ T
គេ​ឃើញ​មាន​សហគមន៍​ធំៗ​ចំនួន​បី​គឺ​ម៉ាឡាស៊ី ចិន​ និង​ឥណ្ឌា​មិន​ចូល​ចិត្ត​រើស​ទីតាំង​នៃ​អចលនទ្រព្យ​ចំណុច​ឈរ​នៅ​លើ​ទី​មាន ​ចំណុច​ប្រសព្វ​រាង​ជា​អក្សរ​ T។ ចិន​ជឿ​ថា ទី​តាំង​នេះ​វា​ត្រូវ​ជួប​លក្ខណៈ​គ្រោះ​ស្រេក​ឃ្លាន​ពី​សំណាក់​ខ្មោច​ព្រាយ​ បិសាច​ផ្សេងៗ​នា​រដូវ​កាល​ដែល​យមរាជ​បើក​ទ្វារ​ឋាន​នរក​ព្រលែង​វិញ្ញាណ​ ខ្មោច​ចេញ​មក​នោះ។



ទី​តាំង​មាន​នីវ៉ូ​ទាប​ជាង​កម្ពស់​ផ្លូវ​
ចិន​មាន​ជំនឿ​ថា ផ្ទះ​ពួក​គេ​មិន​ត្រូវ​មាន​ទីតាំង​នៅ​ក្រោម​ផ្លូវ​ឡើយ។ បើ​ស្ថិត​នៅ​ក្រោម​វា​នឹង​ជួប​អលាភ ឬ សំណាង​មិន​ល្អ​ពី​អ្នក​នៅ​ជិត​ខាង​ជា​មិន​ខាន។ ប្រជាជន​ចិន​មិន​ទិញ​យក​ផ្ទះ​ដែល​មាន​ទី​តាំង​បែប​នេះ​ឡើយ​ទោះ​បី​វា​មាន តម្លៃ​ទាប​ប៉ុន​ណា​ក៏​ដោយ។



ទី​តាំង​នៅ​ចំ​ផ្លូវ​រាង​កោង ឬ​ទេរ​
ចិន​មិន​ចូល​ចិត្ត​ទីតាំង​ផ្ទះ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​កោង ឬទេរ​ឡើយ។ ពួក​គេ​មាន​ជំនឿ​ថា ទ្រព្យ​ធន របរ​លាភ​សំណាង​នានា​របស់​គ្រួសារ​គេ​នឹង​មិន​ស្ថិត​នៅ​ឋេរ​ឡើយ​គឺ​ពិត​ជា​ ត្រូវ​ហូរ​ចេញ​រហូត។​



ផ្ទះ​ស្ថិត​នៅ​ក្បែរ​សំណង់​អគ្គិសនី​ធំៗ​
គេ​ឃើញ​មាន​ប្រជា​ជន​មួយ​ចំនួន​ដូច​ជា​ចិន ម៉ាឡេស៊ី ឥណ្ឌា ជា​ដើម​ពួក​គេ​មិន​ត្រូវ​ការ​ផ្ទះ​ដែល​មាន​ទីតាំង​ស្ថិត​ក្បែរ​សំណង់​ អគ្គិសនី​ធំៗ​ឡើយ។ ពួក​គេ​មាន​ជំនឿ​ថា ការ​រស់នៅ​ក្បែរ​សំណង់​ និង​បង្គោល​អគ្គិសនី​ធំៗ​អាច​ប៉ះពាល់​ដល់​សុខភាព។

ផ្ទះ​មាន​វិញ្ញាណ​សណ្ឋិត
ជាទូទៅ ផ្ទះ​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​មាន​មនុស្ស​ស្លាប់​​ក្នុង​នោះ។ ប៉ុន្តែ​ចំពោះ​ផ្ទះ​ណា​ដែល​មាន​ករណី​ស្លាប់​ដោយ​ធ្វើ​អត្តឃាត ចោរ​ប្លន់ គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ឧបតិ្តហេតុ​ផ្សេងៗ​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្ទះ​ដែល​អាច​មាន​ខ្មោច​លង។ ប្រជាជន​ទូទៅ​មិន​ត្រូវ​ការ​ផ្ទះ​ប្រភេទ​នេះ​ឡើយ ហើយ​វា​អាច​លក់​ខាត​ពី​២០​ទៅ​៤០​ភាគរយ​នៃ​តម្លៃ​ទិញ​ចូល​ឯណោះ។ ប្រសិន​បើ​ចង់​ដឹង​ថា តើ​ផ្ទះ​នោះ​មាន​ប្រវត្តិ​ខ្មោច​លង​ឬ​អត់​នោះ សូម​សាកល្បង​សួរ​អ្នក​ជិត​ខាង​ថា​ តើ ផ្ទះនេះ​ធ្លាប់​មាន​ប្រវត្តិ​ចម្លែក​ទេ ? ឧស្សាហ៍​ប្ដូរ​ម្ចាស់​ផ្ទះ​ទេ? ពិបាក​លក់​ចេញ​ទេ? ត្រូវ​បាន​គេ​ទុក​ចោល​យូរ​ប៉ុន​ណា? ឬ​ក៏​សាកល្បង​គេង​មួយ​យប់ល​មើល​ក្រែង​ឮ​សំឡេង​ចម្លែក!

Post a Comment

0 Comments