តើអ្នកជឿថាជំនាងផ្ទះមានមែនអត់? សម្រាប់ខ្ញុំគឺជឿព្រោះនៅយប់មួយនោះ ខ្ញុំធ្លាប់បានឃើញផ្ទាល់ភ្នែកថា...

ដំបូងឡើយ ខ្ញុំមិនសូវច្បាស់ទេថាជំនាងផ្ទះមានមែនឬក៏អត់។ តែនៅយប់មួយ...
កាលនឹង ខ្ញុំបានទៅលេងស្រុកយាយខ្ញុំ នៅជនបទ។ នៅភូមិនេះគេធ្វើផ្ទះដូចៗគ្នា បើអ្នកដែលមិនធ្លាប់មកសោះប្រាកដជាមិនដឹងថាផ្ទះមួយណាជាផ្ទះយាយខ្ញុំទេ។ ដោយសារភូមិនេះជាតំបន់ស្រុកស្រែ អ្នកភូមិគ្មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់ផ្ទះនោះទេ ហើយគាប់ជួនជាពេលនោះ នៅវត្ត គេបញ្ចុះសីមាមានកម្មវិធីរាំច្រៀងសម្ដែងល្ខោន និងល្បែងកម្សាន្តអារម្មណ៍ជាច្រើន, អ្នកភូមិទាំងអស់នាំគ្នាទៅលេងវត្តគ្រប់ៗគ្នា។ ខ្ញុំក៏ទៅលេងវត្តជាមួយមីងពូដែរ។



ដោយសារនៅទីនោះមនុស្សរញេរញៃ ហើយដោយសារខ្ញុំមិនសូវចូលចិត្តមនុស្សច្រើនផងនោះ ខ្ញុំក៏ត្រឡប់មកផ្ទះយាយខ្ញុំវិញម្នាក់ឯង។ ដំបូងពូមីងខ្ញុំប្រុងជូនខ្ញុំមកវិញ តែខ្ញុំមើលទៅពួកគាត់ដូចជាកំពុងសប្បាយជក់មើលល្ខោន ខ្ញុំក៏ប្រាប់ថាមិនអីទេខ្ញុំអាចទៅវិញម្នាក់ឯងបាន។


ខ្ញុំដើរតាមផ្លូវដែលស្ងាត់ឈឹង។ ខ្ញុំយកទូរសព្ទបើកពឹលបំភ្លឺផ្លូវហើយដើរ។ បរិយាកាសស្ងប់ស្ងាត់ ហើយត្រជាក់បែបនេះធ្វើឱ្យអារម្មណ៍ខ្ញុំចេះតែភ័យៗព្រឺៗដូចជាមានអ្នកណាដើរតាមពីក្រោយ។ ពេលងាកមក គឺមានអ្នកដើរតាមពីក្រោយខ្ញុំមែន!!! គឺសត្វឆ្កែ។ ខំភ័យ។ គិតទៅនៅស្រុកស្រែស្ងាត់បែបនេះក៏ស្រួលរស់នៅម្យ៉ាងដែរ មិនសូវភ័យរឿងចោរប្លន់ ឬគ្រោះថ្នាក់ចរាចរណ៍ទេ។


ខ្ញុំដើរចូលផ្ទះដោយអស់កម្លាំង។ ស្ងាត់ឈឹង! ព្រោះគ្រប់គ្នានៅឯវត្ត ខ្ញុំឡើងដើកលើគ្រែឈើក្រាលកន្ទេលស្លឹកឈូក។ កំពុងតែប្រុងនឹងបិទពឹលដេក ស្រាប់តែឃើញនរណាម្នាក់អង្គុយលើធ្នើខាងលើ សម្លឹងមកខ្ញុំ។ គឺជាមនុស្សស្រី សក់វែងស្លៀកសំពត់អាវរបៀបបុរាណ អង្គុយសំយ៉ុងជើងចុះមកក្រោម។ ដំបូងខ្ញុំស្មានថាស្ត្រីនោះជាខ្មោច តែមើលយូរទៅគឺមិនមែនជាខ្មោចទេ ព្រោះអត់មានអាក្រក់អីផង។ ប្រហែលជាជំនាងផ្ទះ?
ស្ត្រីនោះមើលមកខ្ញុំ ហើយចុះមកក្រោមវិញ ដើរមកក្បែរគ្រែដែលខ្ញុំកំពុងដេក។
«សួស្ដី!» ខ្ញុំនិយាយទាំងសំឡេងញ័រៗព្រោះភ័យ។
ស្ត្រីនោះដើរមកអង្គុយលើគ្រែហើយតប, «ចាស សួស្ដី!»
សំឡេងគាត់ពីរោះគួរឱ្យចង់ស្ដាប់ណាស់។ ខ្ញុំលែងសូវភ័យហើយក៏សួរទៀត, «ជំនាងផ្ទះចិត្តល្អមិនធ្វើបាបគេឯងទេមែនទេ?»
ស្ត្រីនោះងក់ក្បាល, «មែនហើយ។ ជំនាងផ្ទះមាននាទីការពារម្ចាស់ផ្ទះ និងវាយប្រហារជនចម្លែកមុខដែលចង់មានបំណងធ្វើបាបម្ចាស់ផ្ទះ មិនមែនចេះតែដើរធ្វើបាបគេឯងដោយគ្មានហេតុផលនោះទេ។»
«ចឹងហ្អ?» ខ្ញុំនិយាយ។ «ចុះគ្រប់ផ្ទះសុទ្ធតែមានជំនាងផ្ទះមែនទេ?»
«មិនមែនគ្រប់ផ្ទះទេ!» នាងតប។ «ផ្ទះដែលម្ចាស់ផ្ទះធ្វើតែអំពើល្អទើបមានជំនាងផ្ទះថែរក្សា។»
ខ្ញុំស្ដាប់ហើយសួរតទៀត, «ចឹងធ្វើជាជំនាងផ្ទះបានប្រយោជន៍អីទៅ?»
នាងតបថា, «ខ្ញុំមិនដឹងទេកុំសួរច្រើនពេក!»
«ម៉េចក៏មិនដឹង? ក្រែងចែឯងជាជំនាងផ្ទះហ្អី!?»
«យីអាក្អូននេះឆ្គួតទេអី?» នាងនិយាយដោយមុខធុញទ្រាន់។ «ខ្ញុំមិនមែនជាជំនាងផ្ទះទេចា! ខ្ញុំជាតួល្ខោន!»
«ហ្អាក! ខ្ញុំស្មានថាចែឯងជាជំនាងផ្ទះ។ ហើយបើជាតួល្ខោន តើមកផ្ទះនេះធ្វើអី? ហើយឡើងលើធ្នើខាងលើនោះធ្វើអី? នេះជាផ្ទះយាយខ្ញុំ មិនមែនផ្ទះអ្នកល្ខោនទេ!»
«ចា! គឺថាខ្ញុំជាអ្នកល្ខោន មកសម្ដែងល្ខោននៅឯវត្ត តែកំពុងតែសម្ដែងស្រាប់តែឈឺជុះ នៅម្ដុំវត្តមនុស្សច្រើនពេកមិនហ៊ានជុះក៏មកជុះនៅក្បែរៗនេះវាស្ងាត់ ហើយគាប់ជួនឃើញផ្ទះនេះទ្វារអត់ចាក់សោរ ខ្ញុំក៏ឡើងមកប្រុងលួចរបស់របរ។ មិនទាន់បានលួចអីផងស្រាប់តែអាអូនឯងដើរមកខ្ញុំភ័យពេករកកន្លែងពួនមិនឃើញក៏ឡើងទៅលើធ្នើ តែអាអូនឯងបញ្ចាំងពឹលឃើញហើយក៏ចុះមកវិញទៅ! ម៉េចយល់ទេ?»
ខ្ញុំស្ដាប់ហើយងក់ក្បាល។ «ហើយម៉េចបានជាចង់លួចរបស់?»
«ព្រោះខ្ញុំជាអ្នកល្ខោនផងជាចោរផង។» គាត់និយាយបែបក្រៀមក្រំហើយយកដៃគាត់កាន់ដៃខ្ញុំដោយនិយាយអង្វរ, «មកពីខ្ញុំធ្លាប់លួចគេបាន ចាប់ពីពេលនេះទៅខ្ញុំឈប់លួចហើយ។»
ស្ត្រីនោះនិយាយបែបនេះ ខ្ញុំហួសចិត្តហើយខ្ញុំដេញឱ្យចេញទៅវិញ ហើយស្ត្រីនោះក៏ចេញទៅ។ នេះសំណាងហើយដែលគាត់ប្រាប់ត្រង់ កុំអីខ្ញុំស្មានថាជាជំនាងផ្ទះ។ ខ្ញុំដេកគិតទាំងនឹកអស់សំណើចផងហួសចិត្តផងក៏សើចតែម្នាក់ឯងក្នុងផ្ទះដ៏ងងឹតឈឹងនេះ។ ចុម! ទូរស័ព្ទខ្ញុំបាត់ទៅណាហើយ??? ចោរស្រីនោះលួចបាត់ហើយ! ពិតជាកំពូលលួចមែន ខ្ញុំនេះក៏ភ្លើទៀត របស់កាន់នឹងដៃ នៅតែគេលួចបានទៀត៕

Post a Comment

0 Comments