ជិះកាណូតកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ (រឿងពិតក្នុងខេត្តកំពង់ធំ)

ខ្ញុំជាមន្រ្តីរាជការនៅក្រសួងសុខាភិបាល ខាងផ្នែកសុខភាពនិងអនាម័យសាធារណៈ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍ចុះបេសកកម្មតាមខេត្តជាញឹកញាប់ ដើម្បីព្យាបាលនិងពន្យល់ណែនាំប្រជាជនយើងឲ្យគាត់ចេះរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពល្អ ។



មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្មនៅភូមិមួយដែលស្ថិតនៅកណ្ដាលទន្លេតែម្ដង ឆ្ងាយដាច់ពីគេ ពីឯង ក្នុងខេត្តកំពង់ធំ ។ អ្នកភូមិនោះ រស់តែនៅលើទឹក គ្មានផ្លូវគមនាគមន៍ទៅដល់ទេ ចង់ទៅណាមកណា ទាល់តែជិះទូក ហើយអ្នកភូមិទៀតសោតក៍មានជីវភាពក្រីក្រច្រើនដែរ ។ ខ្ញុំនិងសហការីមួយក្រុម បានធ្វើដំណើរតាមកាណូតធំមួយ ធ្វើដំណើរកាត់ផ្ទៃបឹងទន្លេសាបដ៍ធំល្ហល្ហេវបីដូចសមុទ្រ ត្បិតខែនោះគឺខែទឹកឡើងផង ។ ពេលពួកយើងទៅដល់ដើមភូមិ ខំសំឡឹងរកមើលផ្ទះអ្នកស្រុកមិនឃើញសោះ ឃើញតែព្រៃលិចទឹក និង ចុងឈើដែលដុះផុតពីទឹកយ៉ាងទ្រុបទ្រុល ។ អ្នកបើកកាណូត ប្រាប់ថា ទាល់តែផុតព្រៃលិចទឹកនេះ ទើបទៅដល់ភូមិ ព្រោះអ្នកស្រុកមិនសូវរស់នៅក្បែរព្រៃលិចទឹកទេ វាអាចមានសត្វអសិរ្ពិសផ្សេងៗពួនសម្ងំក្នុងព្រៃនោះ ណាមួយព្រៃលិចទឹកទាំងនេះ គេទុកសម្រាប់តម្កល់សពប៉ុណ្ណោះ ។

ខ្ញុំភ្ញាក់ផ្អើលដែរ តែតៃកុងកាណូតបានប្រាប់បន្តថា អ្នករស់នៅលើទឹក គេធ្វើបែបនេះឯង ខែទឹកឡើងបែបនេះ អត់មានដីគោកទីទួលសម្រាប់បូជាសពទេ ដូច្នេះគេយកសពមកដាក់លើចុងឈើបណ្ដោះអាសន្នសិនទម្រាំដល់ខែទឹកស្រក ទើបមកយកសាកសពទៅបូជាតាមប្រពៃណី ។ ខ្ញុំក្រឡេកមើលដើមឈើធំៗដែលដុះផុតពីទឹក ក៍ឃើញលើចុងឈើទាំងនោះ មានក្ដារមឈូស កន្ទេល ឬ ភួយរុំខ្ចប់ជិត ដូចគេរុំអន្សមជ្រូក ដាក់តាមប្រគាបមែកឈើ…ពេញតែព្រៃ ហើយមានក្ដារមឈូសខ្លះ ភួយខ្ចប់សាកសពខ្លះ ជ្រុះធ្លាក់ពីលើមែកឈើ អណ្ដែតក្រវល់ក្នុងទឹកក៍មាន ។ ខ្ញុំឃើញហើយរាងស្រៀវខ្លួនបន្តិច ត្បិតថា ខ្លួនជាពេទ្យ ធ្លាប់ឆ្លងកាត់រៀនសូត្រជាមួយសាកសពមនុស្សដោយផ្ទាល់ក៍ដោយ តែដល់ឃើញសាកសពមនុស្សដាក់ទើរពេញលើមែកឈើបែបនេះក៍រាងស្រៀវៗដែរ ។

ប្រហែលជាកន្លះម៉ោងក្រោយមក ទើបកាណូតបើកផុតព្រៃនោះ ពួកយើងក៍មកដល់ភូមិ ដែលនៅភូមិនោះមានផ្ទះអ្នកភូមិដែលសង់ខ្ពស់ៗផុតទឹក ខ្លះទៀតគឺរស់នៅលើទូកតែម្ដង ។ ពួកខ្ញុំមកដល់ភ្លាមក៍រួសរាន់ធ្វើការភ្លាម ដោយព្យាបាលអ្នកភូមិដែលគាត់ឈឺ ជាពិសេសគឺក្មេងៗដែលរាគរូស និង ចាស់ៗដែលគាត់កើតគ្រុនក្ដៅ ។ យើងធ្វើការពេញមួយថ្ងៃ រហូតដល់ល្ងាចវេលាម៉ោង ៥ ទើបចប់ការងារ ត្រូវត្រឡប់មកទីរួមខេត្តវិញ ។ លោកមេភូមិនៅទីនោះ ឃាត់យើងឲ្យនៅសម្រាកនៅទីនោះមួយយប់ទៅ ព្រោះអីពេលល្ងាចបែបនេះ ធ្វើដំណើរទៅមិនជាស្រួលប៉ុន្មានទេ ជាពិសេសខែនេះ ទឹកជោរឡើងលឿនណាស់ ហើយមេឃងងឹតថែមទៀត បើមានការអី មុខជាពិបាកហើយ ។

តែពួកខ្ញុំមិនអាចស្នាក់នៅទីនោះបានទេ ព្រោះអីយើងត្រូវត្រឡប់មកភ្នំពេញទាំងយប់វិញ ។ លោកមេភូមិធ្លាក់ទឹកមុខ ពេលពួកខ្ញុំប្រកែក តែគាត់ក៍មិនថាអីដែរ គាត់បានជូនពរឲ្យពួកខ្ញុំធ្វើដំណើរបានសុខសប្បាយ ចំណែកឯព្រះសង្ឃក្នុងភូមិវិញបានយកដីខ្សាច់និងផេះធូបក្នុងព្រះវិហារ ច្រកក្នុងស្បោងមួយឲ្យពួកខ្ញុំ ដោយមានថេរដីការថា “បើតាមផ្លូវធ្វើដំណើរ ញោមទាំងអស់គ្នាជួបអាសន្នអី សូមតាំងចិត្តឲ្យស្ងប់ រំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយបាចដីខ្សាច់និងផេះធូបនេះចូលក្នុងទឹកទន្លេទៅនឹងលែងអីហើយ…” ។ ពួកខ្ញុំសំពះអរគុណព្រះសង្ឃ ហើយពួកយើងបានជម្រាបលាអ្នកភូមិទាំងអស់គ្នា ឡើងកាណូតចេញមកវិញ ។

ម៉ោងទើបតែ ៦ ល្ងាច តែដោយសារតែខែនេះជាខែវស្សា មេឃឡើងងងឹតស្លុប ។ នៅលើផ្ទៃទឹកទន្លេទាំងមូល ហាក់ដូចជាមានតែកាណូតយើងតែមួយប៉ុណ្ណោះ ដែលបើកជ្រែកស្បៃងងឹតនេះ ដោយប្រើពន្លឺចង្កៀងហ្វាមួយគូ ។ ពួកយើងធ្វើដំណើរដោយស្ងៀមស្ងាត់ ។ រំពេចនោះស្រាប់តែមានខ្យល់ត្រជាក់ធ្លាក់មករំភើយៗ ហើយផ្លេកបន្ទោរចាប់ផ្ដើមវាត់ឆ្វេចឆ្វាចពេញផ្ទៃមេឃ អមដោយសំឡេងផ្គរលាន់គគ្រឹមៗផង ជាសញ្ញាបញ្ជាក់ថា មេឃនឹងភ្លៀងបន្តិចទៀតនេះហើយ ។ តៃកុងកាណូតបន្ថែមល្បឿនកាន់តែលឿន ហើយស្រែកប្រាប់ពួកយើងឲ្យប្រុងប្រយ័ត្នព្រោះថា ភ្លៀងនៅកណ្ដាលទន្លេបែបនេះ អាចមានធ្លាក់ខ្យល់ខ្លាំង ឬ ក៍មានរលកដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បាន ។ និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែភ្លៀងបានបង្អុរធ្លាក់ចុះមកយ៉ាងខ្លាំង អមដោយរន្ទះឆ្វេចឆ្វាចផង ។

តៃកុងកាណូតស្រែកបញ្ជាឲ្យកូនដៃទូក (កម្មករទូក ឬ ជំនួយការតៃកុងកាណូត) ទម្លាក់គម្របកៅស៊ូចុះដើម្បីការពារកុំឲ្យភ្លៀងសាចចូល ។ ភ្លៀងនេះ ហៅថាមហាភ្លៀងមែន សូម្បីតែភ្លើងហ្វាកាណូតក៍ជះពន្លឺសឹងមិនធ្លុះដំណក់ភ្លៀងផង ។ ខ្ញុំប្រាប់តៃកុងឲ្យបន្ថយល្បឿនសិនទៅ ព្រោះមើលមិនឃើញ ខ្លាចក្រែងបើកប៉ះពារដើមឈើ ។ តៃកុងក៍បន្ថយល្បឿនកាណូតបន្តិច ពេលនោះស្រាប់តែពួកយើងឃើញពន្លឺភ្លើង និង ពន្លឺចង្កៀងភ្លឺចិញ្ចាចចិញ្ចែងនៅខាងមុខកាណូតយើងចម្ងាយប្រហែល ២០០ម៉ែត្រ ។ ពេលយើងទៅកាន់តែកៀក ទើបយើងមើលឃើញ ពន្លឺនោះ គឺពន្លឺភ្លើងចេញពីផ្ទះរបស់អ្នកភូមិលើទឹកទេតើ ។ ពួកខ្ញុំរាងចម្លែកចិត្តបន្តិច ព្រោះអី មិនដែលឃើញភូមិលើទឹកឯណា មានផ្ទះធំៗ មានពន្លឺអគ្គិសនី និង ចង្កៀងភ្លឺចិញ្ចាចបែបនេះទេ នេះបើមិនចាប់អារម្មណ៍ទេ ច្បាស់ជាគិតថា ភូមិអ្នកស្រុកលើដីគោកធម្មតាហើយ ។ តែដោយសារពួកខ្ញុំមិនដែលធ្វើដំណើរមកទីនេះ ទើបយើងគិតថា ភូមិនេះប្រហែលជាភូមិលើទឹកដូចតែភូមិដែលយើងចុះមកធ្វើការតែប៉ុណ្ណោះ ។

ខ្ញុំឃើញអ្នកភូមិនៅទីនេះ ខ្លះអើត.កពីក្នុងផ្ទះ ខ្លះទៀតឈរមុខផ្ទះ សំឡឹងមើលមកពួកយើង តែការសំឡឹងនេះធ្វើឲ្យយើងព្រឺសម្បុរ ព្រោះអ្នកភូមិនៅទីនេះ មុខស្មើ ស្ងួត អត់មានញញឹម ហើយបើកភ្នែកក្រឡោតៗសំឡឹងមើលមកយើងឥតមានព្រិច ឥតមានញោចតាមដំណក់ទឹកភ្លៀង ឬ រន្ទះផ្គរសោះ ។ ពេលនោះយើងឃើញមានអ្នកភូមិខ្លះបោយដៃហៅពួកយើងឲ្យចូល ទំនងជាឲ្យយើងចូលទៅជ្រកភ្លៀងសិនទម្រាំភ្លៀងរាំង ។ គ្នីគ្នាខ្ញុំកេះគ្នាទំនងជាចង់ចូលជ្រកភ្លៀងសិន ព្រោះភ្លៀងខ្លាំងហើយខ្យល់បោកបក់មកខ្លាំងទៀត កាណូតឡើងឃ្លីងឃ្លោងៗ ។ ខ្ញុំងាកទៅរកតៃកុងកាណូត ឃើញតៃកុងកាណូតខាំមាត់ មុខឡើងមាំ ចំណែកឯអាក្អូនកូនដៃទូកវិញ អង្គុយរួញខ្លួនញ័រទទ្រើតឥតហ៊ានងើបមុខមើលទេ ។ ភ្លាមនោះ តៃកុងកាណូតបានរុញចង្កឹះលេខបន្ថែមល្បឿនឲ្យកាន់តែលឿន តែស្រាប់តែកាណូតរលត់ម៉ាស៊ីនឈឹង ។

ពេលនោះ ខ្ញុំឃើញអ្នកភូមិខ្លះចុះទូក ចែវមកទំនងជាចែវសំដៅមកពួកយើង ដោយឥតមានខ្លាចរលកធំៗ ភ្លៀងខ្យល់ដ៍ខ្លាំងនេះទេ ។ ពួកយើងរាងមិនស្រួលក្នុងចិត្ត លួចខ្សឹបខ្សៀវគ្នាថា “ពេលមកដូចជាអត់ឃើញភូមិនេះទេ ចុះម៉េចពេលមកវិញមានភូមិចឹង? ហើយហេតុអីអ្នកភូមិនេះដូចជាប្លែកៗមិនធម្មតាអញ្ចឹង?..” ។ កំពុងតែខ្សឹបខ្សៀវ ស្រាប់តែតៃកុងកាណូតដើរមកខ្សឹបប្រាប់ពួកយើងថា “កុំសំឡឹងមើលពួកវា កុំឆ្លើយឆ្លង កុំប៉ះពាល់អីពួកវាឲ្យសោះ ហើយឆាប់យកស្បោងដីខ្សាច់ផេះធូប ដែលតេជគុណឲ្យមក” ពួកខ្ញុំលឺហើយ ក៍កាត់យល់ភ្លាមមួយរំពេច យើងមិនបាននិយាយអីទៅវិញទេ តែម្នាក់ៗញ័រដៃ ញ័រជើងគ្រប់គ្នាហើយ ។

តៃកុងកាណូត បានយកស្បោងដីខ្សាច់ផេះធូបនោះ យកមកបិទភ្នែក រួចលើកទូលផុតក្បាល សូត្រធម៌ខ្សឹបៗមួយសន្ទុះ ក៍បាចដីខ្សាច់ផេះធូបនោះ ចូលក្នុងទន្លេ ហើយគាត់ដើរបាចជុំវិញកាណូតរហូតទាល់តែអស់ ។ ភ្លាមៗនោះ ស្រាប់តែយើងឃើញផ្ទះអ្នកស្រុក , ពន្លឺភ្លើងភ្លឺចិញ្ចាចចិញ្ចែង និង អ្នកភូមិដែលកំពុងចែវទូកមករកយើងនោះ រលត់បាត់ស្រមោលបន្តិចម្ដងៗ ជំនួសមកវិញដោយព្រៃលិចទឹក ដែលពេលយើងជិះមក យើងឃើញនោះ ។ មិនដល់ ៥ នាទីផង ភូមិលើទឹកមួយទាំងមូលបានវិនាសអន្ដរធាន ហើយជំនួសវិញដោយព្រៃលិចទឹកក្រាស់ឃ្មឹក មានក្ដារមឈូស និង ក្រណាត់ខ្ចប់សាកសពដាក់រាយប៉ាយលើចុងឈើ ដូចកាលយើងធ្វើដំណើរមកពីដំបូង ។ ខ្យល់ព្យុះ ភ្លៀងផ្គរអម្បាញ់ម៉ិញ ក៍រាំងទៅវិញដែរ រលកទន្លេគគ្រាំគគ្រេងដែលសឹងផ្អៀងពន្លិចកាណូតយើងក៍ស្ងប់ស្ងាត់វិញដែរ ។ តៃកុងកាណូតបានបញ្ឆេះម៉ាស៊ីនកាណូតវិញ ហើយបន្ថែមល្បឿនចេញពីតំបន់ព្រៃលិចទឹកនោះ ទីបំផុតយើងបានមកដល់ទីរួមខេត្តវិញបានដោយសុវត្ថិភាព ។

ពេលមកដល់ទីរួមខេត្ត តៃកុងកាណូតបានប្រាប់យើងថា តាមពិតភូមិដែលយើងឃើញនោះ ជាភូមិខ្មោចទេ គ្មានភូមិឯណាទេ គឺភូមិនោះជាព្រៃលិចទឹកដែលអ្នកស្រុកយកខ្មោចទៅតម្កល់ទុករង់ចាំបូជាពេលខែទឹកស្រក ។ ពួកខ្មោចទាំងនោះ ដោយសារមិនទាន់បានបូជា ធ្វើបុណ្យអីត្រឹមត្រូវ ហើយគេយកទៅដាក់ជុំគ្នាបែបនេះ ទើបវិញ្ញាណពួកវានៅវិលវល់ ប្រមូលផ្ដុំគ្នាជាក្រុមហើយតែងតែលងមនុស្សជាញឹកញាប់ ដោយនិម្មិតជាភូមិអ្នកស្រុក ឬ ជាព្យុះភ្លៀងអីចឹងទៅ ។ គាត់បន្តទៀតថា គាត់ធ្លាប់ជួបតាំងតែពីក្មេងមកម៉្លេះ ខ្មោចលងកណ្ដាលទន្លេបែបនេះ គាត់លែងខ្លាចទៅហើយ ប៉ុន្តែសម្រាប់ពួកយើងវិញ នេះជាលើកទី ១ ដែលបានជួប .. ជួបលើកទី ១ លេងសុទ្ធតែខ្មោចទាំងភូមិ លើកគ្នាមកលងតែម្ដង ប៊ិះក្រឡាប់កាណូតទៀត បើសិនជាក្រឡាប់កាណូតអី ប្រហែលជាពួកខ្ញុំក្លាយជាអ្នកភូមិជនរួមជាតិជាមួយខ្មោចទាំងនោះដែរហើយ ត្បិតពួកខ្ញុំគ្មាននរណាចេះហែលទឹកទេ !!!

Post a Comment

0 Comments