ហាមទទួលទានខ្ទឹម.សដាច់ខាត ក្នុងករណីអ្នកកំពុងមានជំងឺទាំង ៦ប្រភេទនេះ

ខ្ទឹម.សមិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងការបន្ថែមគ្រឿងម្ហូបអាហារប្រចាំថ្ងៃនោះទេ តែវាក៏មានគុណតម្លៃខាងផ្នែកឱសថធម្មជាតិសម្រាប់ការទទួលទាន ឬចម្រាញ់ធ្វើជាប្រេងលាបលើស្បែក ដើម្បីជំនួយសុខភាព និងព្យាបាលជំងឺបានជាច្រើនមុខយ៉ាងមានប្រសិទ្ធភាពផងដែរ។



ជាក់ស្តែង បើទោះបីជាវាមានប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ តែក៏មិនមែនអ្នកណាៗក៏សុទ្ធតែអាចទទួលទានខ្ទឹម.សបាននោះទេ ព្រោះក្នុងករណីអ្នកដែលមានបញ្ហាសុខភាព ឬកើតមានជំងឺមួយចំនួននោះ អាចធ្វើឱ្យស្ថានភាពរឹតតែធ្ងន់ធ្ងរឡើងទៅវិញ។

ដូច្នេះ មកតាមដានទាំងអស់គ្នា ថាតើនរណាខ្លះ ឬអ្នកដែលមានបញ្ហាសុខភាពអ្វីខ្លះដែលហាមមិនឱ្យប្រើប្រាស់ខ្ទឹម.ស ៖

១.អ្នកដែលមានបញ្ហាថ្លើម


បើទោះបីជាខ្ទឹម.សអាចជួយប្រឆាំងនឹងមេរោគបាក់តេរី និងជំនួយសុខភាពបានច្រើនដូចជាថ្លើមក៏ដោយ ប៉ុន្តែសារធាតុមួយចំនួនដែលមាននៅក្នុងខ្ទឹម.ស អាចបង្កឱ្យក្រពះ និងពោះវៀនមានភាពរាំងស្ទះនៃការបញ្ចេញទឹករំអិលជំនួយដល់ប្រព័ន្ធរំលាយអាហារ ហើយវានឹងធ្វើឱ្យដំណើរការនៃការរំលាយអាហារចុះអន់ខ្សោយបានផងដែរ។

ដូច្នេះ សម្រាប់អ្នកដែលមានបញ្ហាទាក់ទងនឹងថ្លើម ឬជំងឺរលាកថ្លើមរួចទៅហើយនោះ ការទទួលទានខ្ទឹម.សនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរ និងក្អួតចង្អោរជាដើម។

២.អ្នកដែលមានអាការរាគរូស


សម្រាប់អ្នកដែលកើតមានអាការរាគរូស មិនមែនដោយសារមេរោគបាក់តេរី ការទទួលទានខ្ទឹម.ស ឆៅ អាចធ្វើឱ្យមានបញ្ហាហូរឈាមនៅក្នុងពោះវៀន (Intestinal Mucosal Hyperemia) មានអាការហើមតាមរាងកាយ និងធ្វើឱ្យបញ្ហារាគរូសកាន់តែធ្ងន់ធ្ងរឡើងផងដែរ។ ដូច្នេះក្នុងករណីអ្នកមានជំងឺរាគរូស សូមធ្វើការប្រុងប្រយ័ត្នឱ្យមែនទែននៅក្នុងការទទួលទានខ្ទឹម.ស។

៣.មុនពេលវះកាត់


ក្នុងករណីអ្នកត្រូវធ្វើការវះកាត់ អ្នកត្រូវតែបញ្ឈប់ការទទួលទានខ្ទឹម.សយ៉ាងហោចឱ្យបាន២សប្តាហ៍ មុនពេលវះកាត់មកដល់។ ការទទួលទានខ្ទឹម.សត្រូវបានគេរកឃើញថា នឹងធ្វើឱ្យអាការហូរឈាមនៅក្នុងរាងកាយកាន់តែច្រើនឡើង ដែលអាចធ្វើឱ្យមានផលវិបាកនៅក្នុងការវះកាត់ ឬឈានរហូតដល់មានបញ្ហាធ្ងន់ធ្ងរបានផងដែរ។

៤.ស្ត្រីដែលកំពុងមានផ្ទៃពោះ និងបំបៅដោះកូន


ការទទួលទានខ្ទឹម.សក្នុងបរិមាណសមល្មមជាអាហារប្រចាំថ្ងៃ មិនចោទជាបញ្ហាសម្រាប់ស្ត្រីដែលមានផ្ទៃពោះនោះឡើយ តែក៏មិនមែនបានន័យថាមានសុវត្ថិភាពទាំងស្រុងនោះដែរ។ ការទទួលទានខ្ទឹម.ស ជាការព្យាបាលជំងឺ ឬជំនួយសុខភាពទាំងការទទួលទានជាភេសជ្ជៈ ឱសថបែបធម្មជាតិ ឬប្រើលើស្បែក ក្នុងបរិមាណច្រើនលើសលប់ អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីដែលកំពុងតែមានផ្ទៃពោះ និងកំពុងតែបំបៅដោះកូនបាន។

៥. សម្ពាធឈាមទាប


យើងសុទ្ធតែដឹងហើយថា ខ្ទឹម.សអាចជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ ឬឱ្យស្ថិតមកនៅក្នុងកម្រិតធម្មតាវិញ។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាសម្ពាធឈាមទាបស្រាប់ទៅហើយនោះ ការទទួលទានខ្ទឹម.សនឹងធ្វើឱ្យបញ្ហាសុខភាពរបស់អ្នកដែលមានសម្ពាធឈាមទាបកាន់តែធ្ងន់ធ្ងរឡើងបានផងដែរ។

៦.ជំងឺទាក់ទងនឹងភ្នែក


អ្នកដែលមានបញ្ហាទាក់ទងនឹងជំងឺភ្នែកគ្រប់ប្រភេទ មិនគួរទទួលទានខ្ទឹមសនោះឡើយ ជាពិសេសអ្នកដែលមានបញ្ហារ៉ាំរ៉ៃ (កើតមានជំងឺរយៈពេលយូរ)។ ការទទួលទានខ្ទឹមសច្រើនពេក និងក្នុងរយៈពេលយូរ អាចធ្វើឱ្យខូចភ្នែក និងធ្វើឱ្យបញ្ហាភ្នែកកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសថែមទាំងអាចបណ្តាលឱ្យមានការហូរឈាមពីក្នុងភ្នែក និងក្នុងករណីធ្ងន់ធ្ងរធ្វើឱ្យអ្នកមើលលែងឃើញតែម្តងផងដែរ (ពិការភ្នែក)។ ដូច្នេះអ្នកដែលមានបញ្ហាទាក់ទងនឹងភ្នែក ត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែននៅក្នុងការទទួលទានខ្ទឹម.ស៕ 

Post a Comment

0 Comments